ខាត់ណាទឹកភ្នែកតក់ៗ


**គ្រឿងផ្សំ៖

1- សាច់គោចំឡកក្នុង(សាច់ផុយ) 500g
2- ដើមខាត់ណាថ្លោសៗ 500g
3- ប្រេងឆា 30ml
4- ខ្ទឹមសចិញ្ច្រាំ 1ស្លាបព្រាកាហ្វេ
5- ម្ទេសឆ្អើរវះយកគ្រាប់ចេញ ត្រាំទឹកក្តៅឲ្យទន់ ពូតទឹកចេញ ចិញ្ច្រាំឲ្យម៉ត់ 50g
6- ទឹកប្រេងខ្យង 1ស្លាបព្រាកាហ្វេ
7- ប្រេងល្ង 1ស្លាបព្រាកាហ្វេ

***គ្រឿងផ្សំសម្រាប់បុកទឹកត្រីកោះកុង៖


1- ម្ទេសហ៊ឹរ 80g
2- អំបិលម៉ត់ 1ចឹប
3- ស្ករស 2ស្លាបព្រាកាហ្វេ
4- ទឹកត្រី 1ស្លាបព្រាកាហ្វេ
5- ទឹកក្រូចឆ្មារ 2ស្លាបព្រាបាយ
6- ខ្ទឹមសចិញ្ច្រាំ 1ស្លាបព្រាបាយ
7- ម្នាស់ទុំ 30g
8- ម្សៅស៊ុបខ្នរ ឬរ៉តឌី 1ចឹប
9- ជីវ៉ាន់ស៊ុយទាំងដើមទាំងឫសចិញ្ច្រាំម៉ត់ 1ស្លាបព្រាបាយ
10- ទឹកម្ទេសផ្អែមរបស់ថៃ 1ស្លាបព្រាបាយ
11- ទឹកស៊ុប កន្លះចានចង្កឹះ
12- ទឹកខ្មេះ 1ស្លាបព្រាបាយ
(វិធីធ្វើទឹកត្រីកោះកុងគឺយកគ្រឿងផ្សំទាំងអស់ដាក់ចូលក្នុងម៉ាស៊ីនកិនទឹកក្រឡុកកិនឲ្យម៉ត់រួចភ្លក្សមើល សឹមថែមថយរសជាតិតាមចំណូលចិត្ត)


****វិធីធ្វើ៖


1- បកសម្បកដើមខាត់ណាចេញ រួចកាត់ជាចំណិតៗប្រវែង1ថ្នាំងដៃ
2- ដាំទឹកដាក់អំបិល1ចឹប ពេលទឹកពុះដាក់ដើមខាត់ណាចូលស្រុស10វិនាទីរួចស្រង់ដើមខាត់ណាចេញយកមកត្រាំក្នុងកាធុនទឹកត្រជាក់លាយទឹកកក ទុកមួយសន្ទុះស្រង់ចេញ ពូតទឹកចេញឲ្យអស់ រួចយកវាតម្រៀបលើចានពងក្រពើ
3- យកសាច់គោហាន់ជាបន្ទះតូចៗស្តើងល្មម ទុកមួយឡែកសិន
4- ដាំខ្ទះឲ្យក្តៅដាក់ប្រេងឆា ខ្ទឹមសចិញ្ច្រាំ ម្ទេសឆ្អើរចិញ្ច្រាំ ប្រេងខ្យង ប្រេងល្ង ឆាឲ្យវាឈ្ងុយចូលគ្នា បិទភ្លើងភ្លាមចាក់សាច់គោចូល រួចក្រឡុកវាឲ្យចូលជាប់ជាតិឈ្ងុយ រួចយកវាទៅចាក់ពីលើចានខាត់ណា (ធ្វើឲ្យរហ័សដើម្បីកុំឲ្យសាច់គោឆ្អិនពេក ម្ហូបនេះសាច់គោនៅជាប់ឈាមតិចៗទើបពិសេស)
5- យកទឹកត្រីកោះកុងស្រោចពីលើ
6- លំអពីលើចានដោយចំណិតខ្ទឹមក្រហម និងដើមខ្ទឹមកាត់ជាម៉ូតផ្កា។

ម្ហូបនេះត្រូវតែទទួលទានក្តៅៗទាំងហ៊ឹរផងទាំងក្តៅផងធ្វើឲ្យស្រក់ទឹកភ្នែកតក់ៗ។វាជាគ្រឿងក្លែមដ៏ពិសេសសម្រាប់អ្នកស្ពឹកមាត់អាចថែមសុរាបានច្រើនទៀត៕៕
Share on Google Plus

About Lifestyle12

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments :

Post a Comment